
បុណ្យសែនព្រះខែ ជាពិធីបុណ្យមួយ នៅពាក់កណ្តាលសរទរដូវ (Mid-Autumn Festival ឬ中秋節) ត្រូវបានគេស្គាល់ ថាជាបុណ្យសែនព្រះខែ ឬចុងឈីវជៀ។ វាជាពិធីបុណ្យមួយ សម្រាប់អបអររដូវប្រមូលផល ដែលត្រូវបានប្រារព្ធឡើងដោយជនជាតិ ចិន តៃវ៉ាន់ និងប្រជាជនវៀតណាម ហើយនៅឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋខ្មែរសែស្រឡាយចិន នឹងរៀបចំធ្វើឡើងនៅថ្ងៃទី ១៣ ខែកញ្ញា ដោយពួកគាត់តែងតែមានជំនឿថា ក្រោយការរៀបចំពិធីនេះរួច នឹងទទួលបានសេចក្តីសុខ សេចក្តីចម្រើន រកស៊ីមានបាន និងជាប្រទីបបំភ្លឺពួកគាត់ទទួលបានតែភាពជោគជ័យ។
បុណ្យសែនព្រះខែ ដែលភាសា ចិន ហោះថា ចុងឈីវជៀគឺជាពិធិបុណ្យមួយរបស់ប្រជាជនចិន ដែលតែងតែប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៥ កើត ឬ ថ្ងៃពេញបូណ៌មី នៃ ខែទី ៨ របស់ប្រទិតិន ចិន ដែលត្រូវនឹងខែ កញ្ញា ឬ ខែ តុលា នៃប្រក្រតិទិនសូរិយាគតិ ដែលឆ្នាំនេះ ត្រូវនឹងថ្ងៃទី ១៣ ខែ កញ្ញា ។ ពីធីបុណ្យ គឺធ្វើឡើងដើម្បីអបអរការប្រមូលភោគផលរបស់ប្រជាជន និង ដើម្បី ថ្វាយបង្គំ និង គោរពចំពោះព្រះច័ន្ទ ផង ។ នៅ ម៉ាឡេស៊ី សឹង្ហបុរី និង ហ្វីលីពីន គេហៅវាថា ពិធីបុណ្យ គោម ឬ ពិធីបុណ្យសែននំព្រះខែ ។
បើតាមដំណើររឿងព្រេងនិទានទេវកថារបស់ជនជាតិ ចិន គេអាសន្និដ្ឋានបានថា ពិធីបុណ្យសែនព្រះខែ ត្រូវបានធ្វើតាំងពីសម័យកាលរាជវង្ស យាន ( ១៦០០-១០៤៦ ឆ្នាំ មុន គ.ស ) មកម្ល៉េះ ។ ចំពោះរឿងរ៉ាវដែលនាំឱ្យមានពិធីបុណ្យសែនព្រះខែ នេះ នៅក្នុងរាជវង្ស យាន មានព្រេងនិទានទេវកថា តំណាលថា អស់កាលជាយូរមកហើយ ឋានមនុស្ស បានរងវិបត្តិដ៏ធំមួយ គឺនៅលើមេឃមានព្រះអាទិត្យរហូត ដល់ទៅ ១០ ដួង បណ្តាលអោយផែនដីក្តៅខ្លាំង រាំងស្ងួតហួតហែងគ្មានភ្លៀងធ្លាក់ ពិបាកដល់ការរស់នៅទាំងមនុស្ស សត្វ និង រុក្ខជាតិ លើកភពផែនដី ។ មនុសុ្ស សត្វ និង រុក្ខជាតិ ក៏បានស្លាប់ជាបន្តបន្ទាប់ ដោយសារក្តៅផង ខ្វះទឹក និង អាហារផង ។
ពេលនោះ ក៏បានលេចចេញនូវវត្តមានបុរសក្លាហានម្នាក់ដែលមាន ឈ្មោះថា Hou Yi ។ Hou Yi គឺជាអ្នកជំនាញខាងបាញ់ធ្នូ ហើយធ្នូរបស់គាត់មានអនុភាពខ្លាំងក្លា លើសអស់ធ្នូរបស់មនុស្សក្នុងលោក ហើយក៏លើសអស់ធ្នូនៅឋានទេវលោកទៀតផង ។
Hou Yi បានសម្រេចចិត្តជួយ ប្រជាជន ទាំងអស់ ដោយវិធី បាញ់ព្រួញទម្លាក់ព្រះអាទិត្យទាំងនោះ ។ ទាំងមនុស្ស ទាំងទេវតា យល់ថា វាប្រហែលជារឿងមួយដែលមិនអាចនឹងទៅរួចឡើយ ប៉ុន្តែដោយសារគ្មានជម្រើសផ្សេង ជនគ្រប់គ្នា ក៏បានព្រមអោយគាត់សាកល្បងមើល ។ ពេលនោះ Hou Yi បានឡើងទៅលើភ្នំដែលមានកំពស់ខ្ពស់ជាងគេ ដែលគាត់បានរកឃើញ ហើយគាត់ ក៏បានចាប់ផ្តើមបាញ់ទម្លាក់ព្រះអាទិត្យ ម្តង មួយដួងៗ រហូតទាល់តែអស់ព្រះអាទិត្យចំនួន ៩ ដួង ដោយគាត់ទុកតែព្រះអាទិត្យមួយដួងប៉ុណ្ណោះសម្រាប់បំភ្លឺ និង ផ្តល់ភាពកក់ក្តៅដល់មនុស្សសត្វ និង រុក្ខជាតិលើភពផែនដី ។
ពេលនោះហើយ ដែល Hou Yi បានក្លាយជាវិរៈបុរសរបស់មនុស្សលើភពផែនដី និង ហើយក៏ទទួលបានការកោរសរសើរពីទេវតាផងផដែរ ។ Hou Yi ក៏ទទួលបានការអញ្ជើញរបស់ស្តេចអោយកាន់ព្រះរាជវាំង ដើម្បី ទទួលបាននូវរង្វាន់យ៉ាងពិសេសមួយ ។ រង្វាន់ដល់ពិសេសនោះ គឺជា ទឹកម្យ៉ាង ដែលអាចអោយ Hou Yi ហោះហើរទៅកានឋានលើ និងមានជីវិតអមតៈ ។ ប៉ុន្តែបញ្ហា គឺទឹកនោះមានតែមួយដប ហើយសម្រាប់តែមនុស្សម្នាក់ប៉ុណ្ណោះ ។ Hou Yi ស្រឡាញ់នាង Chang’e ( ឆាងអើរ៍ ) ដែលជាភរិយារបស់គាត់ណាស់ មិនចង់រស់នៅអមតៈ ឬ ទៅរស់នៅឋានទេវលោកដោយគ្មានភរិយសារបស់គាត់ឡើយ ទើបគាត់មិនបានទទួលទានទឹកថ្នាំពិសេសនោះឡើយ ក៏ឱ្យ Chang’e យកទឹកពិសេសនេះទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពមួយ ។
ក្រោយមក Hou Yi មានសិស្សរបស់ម្នាក់ឈ្មោះថា Peng Meng ដែលជាមនុស្សមិនអាចទប់ចិត្តចំពោះទឹកពិសេសនោះ ក៏បានរៀបចំគម្រោងការលួចយកទឹកពិសេសនោះ ។
ថ្ងៃមូយ Hou Yi បានចេញទៅបរបាញ់សត្វបាត់ Peng Meng បានទៅផ្ទះរបស់ Hou Yi ហើយយកដាវទៅគំរាម Chang’e ឱ្យប្រគល់ទឹកថ្នាំទិពនោះ ។ Chang’e ដោយដឹងថាមិនអាចយកឈ្នះ Peng Meng បាន នាងក៏ផឹកទឹកថ្នាំទិពនោះអស់ ដើម្បី ការពារវាកុំឱ្យធ្លាក់ក្នុងកណ្តាប់ដៃរបស់ Peng Meng ។ នៅពេលដែល Hou Yi ត្រឡប់មកដល់ផ្ទះវិញ អ្វីៗបានយឺតពេលអស់ទៅហើយ គឺគាត់បានត្រឹមតែឃើញ ប្រពន្ធជាទីស្រឡាញ់របស់ខ្លួនហោះទៅឋានព្រះចន្ទប៉ុណ្ណោះ ។ Hou Yi ខូចចិត្តជាទីបំផុត ពីព្រោះគាត់បានបាត់ បង់ប្រពន្ធជាទីស្រឡាញ់រៀងរហូត ។ ចាប់ពីពេលនោះមក នៅពេលដែលព្រះចន្ទពេញវង្ស Hou Yi តែងតែសម្លឹងមើលព្រះចន្ទ និង នឹកដល់ Chang’e របស់គាត់ជានិច្ច ។
ដោយយល់ពីអារម្មណ៍របស់ Hou Yi ដែលជាអ្នកមានគុណរបស់ពួកគេ មនុស្សម្នាគ្រប់គ្រប់គ្នា ( ប្រជាជាន ចិន ) ក៏បាននាំគ្នាធ្វើពិធីបុណ្យសែនព្រះខែ នៅរាល់យប់ថ្ងៃពេញបូណ៌មី ចាប់ពីពេលនោះរហូតមក ។
របៀបប្រារព្ធពិធីបុណ្យសែនព្រះខែ
តាមប្រពៃណី ក្រុមគ្រួសារ និង ញាតិមិត្ត រមែងនៅជួមជុំគ្នានៅថ្ងៃនេះ ដើម្បី គយគន់ព្រះខែពេញបូណ៌មី និង ទទួលទាននំលោកខែ ។ ក្នុងពិធីបុណ្យនេះ ក៏មានទំនៀមទម្លាប់ខ្លះៗផ្សេងទៀត ដូចជាកាន់គោម ដុតគោម និង បង្ហោះគោម អុជធុបដើម្បីគោរពដល់ទេវតា ពិសេស ទេវធីតា ឆាងអើរ៍ ។
ពិធីសែនលោកខែ ឬសែនព្រះចន្ទជាពិធីមួយក្នុងចំណោមពិធីផ្សេងៗដែលជនជាតិចិន និង ប្រជាពលរដ្ឋខ្មែរសែស្រឡាយចិនតែងតែមានជំនឿថាក្រោយការរៀបចំពិធីនេះរួច នឹងទួលបានសេចក្តីសុខ សេចក្តីចម្រើន រកស៊ីមានបាន និងជាប្រទីបបំភ្លឺពួកគេទទួលបានតែភាពជោគជ័យ ។
ការរៀបចំសែនពិធីនេះប្រជាពលរដ្ឋបានរៀបចំទីកន្លែងនិងគ្រឿងសក្ការៈមួយចំនួនតាមបែបប្រពៃណីជាមួយនឹងនំផ្សេងៗរបស់ប្រជាជន ចិន មាននំពារ នំង៉ូវយ៉េង នំកោ នំស្លឹកតយ និងផ្លែឈើផ្សេងៗ ដូចជាផ្លែមៀន ផ្លែទទឹម ក្រូចថ្លុង មើមត្រាវ ដំឡូង ផ្លែដូង ជាដើម មួយអន្លើទៅដោយគោមទៅតាមលទ្ធភាព នៃ គ្រួសារនីមួយៗ ៕